ណែនាំគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន INNOTALITY

ណែនាំគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន INNOTALITY

ក្នុងការឈានចូលមកដល់នៃបំណាច់ឆ្នាំថ្មី (គិតចាប់ពីខែតុលា រៀងរាល់ឆ្នាំ) ក្រុមហ៊ុនសាជីវកម្មខ្មែរឈានមុខគេក្នុងខេត្តសៀមរាប INNOTALITY បានធ្វើសេចក្តីប្រកាសជាផ្លូវការនូវការចាត់តាំងថ្មីនៃរចនាសម្ព័ន្ធរបស់ក្រុមហ៊ុន ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពនៃការអនុវត្តប្រតិបត្តិការអាជីវកម្មនានារបស់ក្រុមហ៊ុន។ ស្របពេលនេះដែរ INNOTALITY ក៏បានឆ្លៀតឱកាស ដើម្បីណែនាំអំពីតួនាទីរបស់មេដឹកនាំសំខាន់ៗ រួមទាំងប្រវត្តិបទពិសោធន៍ការងារខ្លីៗរបស់ពួកគាត់ដូចរៀបរាប់ខាងក្រោម៖

ពីឆ្វេងទៅស្តាំ​; ​ លោក ថុន ណារ៉ា, ​​ លោក ហង្ស សុវណ្ណា, លោក សុង សុផល

- លោក ហង្ស សុវណ្ណា - ក្រុមនាយកគ្រប់គ្រងផ្នែកបទពិសោធន៍ភ្ញៀវ
មកទល់បច្ចុប្បន្ន លោកមានបទពិសោធន៍ការងារក្នុងឧស្សាហកម្មសណ្ឋាគារនេះ ២៦ឆ្នាំហើយគិតចាប់ពីឆ្នាំ១៩៩២ មក។ លោកធ្លាប់បានទទួលការបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅប្រទេសសិង្ហបុរី និងធ្លាប់បានចូលរួមក្នុងពីធីសម្ភោធសណ្ឋាគារល្បីៗ នៅទីក្រុងស៊ីដនី និង បាងកកផងដែរ។ លើសពីនេះ លោក សុវណ្ណាមានសញ្ញាប័ត្រទទួលស្គាល់ពីសាកលវិទ្យាល័យ ផ្នែកគ្រប់គ្រងបដិសណ្ឋារកិច្ចដ៏ល្បីរបស់ប្រទេសស្វីស École hôtelière de Lausanne ផងដែរ។ ចាប់ពីឆ្នាំ២០១០មក លោកក៏បន្តពង្រឹង និងពង្រីកបទពិសោធន៍ការងាររបស់លោក ជាមួយនឹងក្រុមហ៊ុន INNOTALITY គ្រប់គ្រងទៅលើប្រតិបត្តិការអាជីវកម្មសណ្ឋាគារ និងស្ប៉ា នៅរាល់ទីតាំងរបស់ Borei Angkor Resort & Spa និង Lotus Blanc Hotel & Resort

- លោក សុង សុផល - ក្រុមនាយកគ្រប់គ្រងផ្នែកលក់ និងទីផ្សារ
លោក សុផល បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅឆ្នាំ២០០២ បន្ទាប់មកលោកបាន សម្រេចចិត្តអភិវឌ្ឍបទពិសោធន៍ការងារក្នុងឧស្សាហកម្មសណ្ឋាគារនៅសណ្ឋាគារ Borei Angkor Resort & Spa ក្នុងមុខតំណែងជាអ្នកគ្រប់គ្រងការិយាល័យជួរមុខ និងក្រោយមកជានាយកគ្រប់គ្រង M.I.C.E ក្នុងរយៈពេលជាង៧ឆ្នាំ គិតចាប់ពីឆ្នាំ២០០២ រហូតដល់២០០៩។ ក្រោយមកទៀត លោកក៏បន្តពង្រីកបទពិសោធន៍ការងារ ក្នុងមុខតំណែងជាប្រធានគ្រប់គ្រងប្រចាំតំបន់ នៅក្រុមហ៊ុន Agoda.com អស់រយៈពេលប្រមាណ៨ឆ្នាំ។ នៅឆ្នាំ២០១៧ លោក សុផលបានវិលត្រលប់មកចូលរួមជាមួយក្រុមហ៊ុន INNOTALITY សារជាថ្មី ក្នុងតួនាទីជាប្រធានក្រុមផ្នែកលក់ និងទីផ្សារ គ្រប់គ្រងនៅសណ្ឋាគារ Borei Angkor Resort & Spa និង Lotus Blanc Hotel & Resort

- លោក ថុន ណារ៉ា - នាយកគ្រប់គ្រងផ្នែកបទពិសោធន៍ភ្ញៀវ
លោក ណារ៉ាបានបញ្ចប់ការសិក្សាក្រៅប្រទេសមកពីសាកលវិទ្យាល័យ École hôtelière de Lausanne ប្រទេសស្វីស និងទទួលបានសញ្ញាប័ត្រអនុបណ្ឌិតពីសាកលវិទ្យាល័យស្រាវជ្រាវដ៏ល្បីឈ្មោះ Cornell University (School of Hotel Administration) សហរដ្ឋអាមេរិកផងដែរ។ មកទល់បច្ចុប្បន្ន លោកមានបទពិសោធន៍ការងារប្រមាណជាង២០ឆ្នាំហើយ នៅក្នុងឧស្សាហកម្មសណ្ឋាគារនេះ គិតចាប់ពីឆ្នាំ១៩៩៥មក។ លោកក៏ធ្លាប់បានចូលរួមក្នុងពិធីសម្ពោធសណ្ឋាគារប្រណីតល្បីៗក្រៅប្រទេសដូចជា នៅទីក្រុង ឡុងដ៍ ចក្រភពអង់គ្លេស, កោះ Canouan ប្រទេសសាំងវីនសង់, និងប្រទេសប៊ូតាន ជាដើម។ ក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះ លោក ណារ៉ា បានចូលរួមបម្រើការងារនៅក្រុមហ៊ុន INNOTALITY គ្រប់គ្រងទៅលើអាជីវកម្មភោជនីយដ្ឋាននានា រួមទាំងសេវាកម្មរៀបចំអាហារខាងក្រៅរបស់សណ្ឋាគារ Lotus Blanc Hotel & Resort ផងដែរ។

កំណែទម្រង់រចនាសម្ព័ន្ធនៃគណៈគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន INNOTALITY នឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃប្រកាសនេះតទៅ។ ក្រុមហ៊ុនជឿជាក់យ៉ាងមុតមាំថា ការចាត់តាំងនូវមុខតំណែង និងតួនាទីថ្មីនេះនឹងជម្រុញឱ្យ INNOTALITY បន្តបំផុសគំនិតច្នៃប្រឌិតខ្ពស់ក្នុងការផ្តល់ជូនសេវាបដិសណ្ឋារកិច្ចបែបខ្មែរដ៏ល្អឥតខ្ចោះ ក៏ដូចជាជួយពន្លឿនដំណើរការ និងបង្កើនទំនុកចិត្តដល់ដៃគូអាជីវកម្មរបស់ក្រុមហ៊ុន ក្រោមការដឹកនាំរបស់គណៈគ្រប់គ្រង ដែលពោរពេញទៅដោយបទពិសោធន៍ សមត្ថភាព និងជំនាញពិតប្រាកដ។

សូមបញ្ជាក់ផងដែរថា INNOTALITY ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនសាជីវកម្មបដិសណ្ឋារកិច្ចបែបខ្មែរ ដែលគ្រប់គ្រងទៅលើអាជីវកម្មមួយចំនួនក្នុងខេត្តសៀមរាបរួមមាន៖ សណ្ឋាគារផ្កាយ៥ Borei Angkor Resort & SpaThe Privilege Floor by BOREI ANGKORLotus Blanc Hotel & ResortThe Privilege Floor by LOTUS BLANC, ភោជនីយដ្ឋាន Damnak Lounge Fine Dining, ភោជនីយដ្ឋាន Damnak Steakhouse, កន្លែងស្ប៉ា និងម៉ាស្សា Mudita SpaMudita Spa by BOREI ANGKORThe Spa by LOTUS BLANC, ព្រមទាំងសាជីវកម្ម Retro Investment ផ្សេងទៀតដែលគ្រប់គ្រងទៅលើ The Privilege Boutique, ភោជនីយដ្ឋានជប៉ុន The Hashi Japanese Restaurant (២សាខា) ហាងកាហ្វេ Gloria Jean’s Coffees – Siem Reap (២សាខា) និងហាងបោះពុម្ពផ្សព្វផ្សាយពាណិជ្ជកម្ម DPI Printing & Advertising ក្នុងខេត្តសៀមរាបផងដែរ។

ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ចង់ដាក់ពាក្យធ្វើការក្នុងផ្នែកអាជីវកម្មណាមួយរបស់ក្រុមហ៊ុន INNOTALITY សូមធ្វើការទាក់ទងផ្ទាល់ទៅលេខទូរសព្ទ 015 337 222 ឬអាស័យដ្ឋានអ៊ីមែលcareers@innotality.com ឬក៏ចូលទៅកាន់គេហទំព័រហេ្វសប៊ុក http://www.facebook.com/innotalitygroup សម្រាប់ព័ត៌មានផ្សេងៗទាក់ទងនឹងក្រុមហ៊ុន៕

Share this blog with :

អត្ថបទថ្មី