INNOTALITY ទទួលជ័យលាភី “បដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍” ច្រើនជាងគេបង្អស់

INNOTALITY ទទួលជ័យលាភី “បដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍” ច្រើនជាងគេបង្អស់

អ្នកគ្រប់គ្រងតំណាងក្រុមហ៊ុន INNOTALITY Group ចំនួន៣នាក់បានចូលរួមទទួលជ័យលាភី “បដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍ ឆ្នាំ២០១៨” ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ កាលពីថ្ងៃទី ២៦ ធ្នូ ២០១៨ កន្លងទៅនេះ។

នេះជាលទ្ធផលប្រកបដោយមោទនភាពខ្ពស់សម្រាប់ឆ្នាំ ២០១៨ ដែលក្រុមហ៊ុន INNOTALITY សម្រេចបានតាមរយៈកិច្ចខំប្រឹងប្រែងពីក្រុមការងារទាំង ៨០០ នាក់ដែលសុទ្ធសឹងតែជាជនជាតិខ្មែរសុទ្ធសាធ។ ក្នុងខណៈពេលនោះដែរ លោក សុង សុផល នាយកផ្នែកលក់និងទីផ្សារក៏បានធ្វើការចែករំលែកនូវបទពិសោធន៍ខ្លះៗក្នុងការទទួលយកនូវប័ណ្ណសរសើរចំនួន១០ ទៅលើអាជីវកម្មរបស់ សណ្ឋាគារ Borei Angkor Resort & Spa, សណ្ឋាគារ Lotus Blanc Hotel, សណ្ឋាគារ Lotus Blanc Resort, សណ្ឋាគារ The Privilege Floor by BOREI ANGKOR, សណ្ឋាគារ The Privilege Floor by LOTUS BLANC, សណ្ឋាគារ The Privilege Boutique, ភោជនីយដ្ឋាន Damnak Lounge Fine Dining, ភោជនីយដ្ឋាន Damnak Steakhouse, កន្លែងស្ប៉ា និងម៉ាស្សា Mudita Spa និង The Spa by LOTUS BLANC ផងដែរ។ លោកបានបញ្ជាក់ និងសង្កត់ន័យយ៉ាងជ្រៅចំពោះការអនុវត្តន៍រួមមួយដោយផ្តោតទៅលើព្រហ្មវិហារធម៌មួយក្នុងចំណោមព្រហ្មវិហារធម៌ទាំង៤របស់ព្រះពុទ្ធសាសនាគឺ មុទិតា ( Mudita-at-Heart Hospitality) ដែលមានអត្ថន័យថា សេចក្តីសុខរបស់យើងក៏កើតឡើងមកបានដោយសារឃើញអ្នកដ៍ទៃសប្បាយចិត្ត។ នេះជាទស្សនៈដ៍ឩត្តម និងជាមាគាមួយដែលត្រូវបានយកមកអនុវត្តក្នុងអាជីវកម្មបដិសណ្ឋារកិច្ចបែបខ្មែរដោយលោកស្រីអគ្គស្ថាបនិក គួយ ណាលីន និងបន្តការអភិវឌ្សន៍ដោយកូនប្រុសច្បងរបស់លោកស្រីគឺលោក ឃឹម ហ្វីណង់ ដែលជាអគ្គនាយកក្រុមហ៊ុន ក៏ដូចជាបុគ្កលិកទាំងអស់ដែលបានចូលរួមអនុវត្តជូនដល់ភ្ញៀវជាតិ និងអន្តរជាតិក្នុងកំឡុងពេលជាង២០ឆ្នាំមកហើយ។

លោក សុផល បន្ថែមថា ទាំងនេះហើយដែលជំរុញឲ្យភ្ញៀវទាំងអស់ដែលបានមកទទួលយកនូវបទពិសោធន៏ មុទិតា មានភាពកក់ក្តៅ និងសប្បាយចិត្តរហូតឈានទៅដល់ធ្វើការវាយតំលៃ និងមានបំណងចង់ចែករំលែកបទពិសោធន៏ផ្ទាល់ខ្លួនដ៏អស្ចារ្យមួយនេះ អួតប្រាប់ពិភពលោកឲ្យដឹងថាគ្មានអ្វីដែលវិសេសវិសាលជាសជាងមាន “សុភមង្គលផ្លូវចិត្តពិតប្រាកដ” នោះទេ។ ហេតុនេះហើយទើបក្រុមហ៊ុនទទួលបាននូវលទ្ធផលវិជ្ជមានតាមរយៈការវាយតម្លៃរហូតដល់ទៅ ៩៧ភាគរយក្នុងចំណោម២៥០០០ មតិដែលបានចែករំលែកពីភ្ញៀវគ្រប់មជ្ឈដ្ឋាន។

ឆ្លៀតក្នុងឱកាសនោះដែរ លោក សុង សុផល ក៏បានជំរុញឲ្យបណ្តាអាជីវកម្មទាំងអស់ក្នុងវិស័យទេសចរណ៏ចូលរួមចំនែកជាមួយក្រសួងទេសចរណ៍ ដើម្បីជំរុញឲ្យការប្រកួតប្រជែងនេះមានភាពវិជ្ជមានកាន់តែច្រើនពីសំណាក់ភ្ញៀវទេសចរ និងជួយអនុវត្តផែនការណ៏បដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍នៅឆ្នាំខាងមុខឲ្យមានប្រសិទ្ធភាពខ្ពស់។

Share this blog with :

អត្ថបទថ្មី